ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តម៉ាក ford មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកខឿន ហ៊ុមព័ទ្ធសួនផ្កាពេញទំហឹង បណ្តាលឲ្យខូចខាត សំណាងល្អមិនមានមនុស្សរងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីបុរសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក ford ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BC-6295 បើកចេញពីរង្វង់មូលកាំកូ ចូលតាមផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងមកជើង បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកខឿន ហ៊ុមព័ទ្ធសួនផ្កា ពេញទំហឹង បណ្តាលឲ្យរងការខូចខាតខឿន បន្តិចបន្តួច ចំណែករថយន្តបង្កវិញ បានបាក់ការឡេកង់មុខជាប់និង បន្ទាប់មកបានសន្តិសុខ រាយការណ៍ ទៅថ្នាក់លើឲ្យចុះមកឃាត់ម្ចាស់រថយន្តបង្កភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់រួចក៏ពិនិត្យ ដោយភាគីរថយន្តបង្កបានចរចា សងទៅលើថ្លៃការ ខូចខាត ខឿនហ៊ុមព័ទ្ធផ្កាបញ្ចប់រឿង នៅកន្លែងកើតហេតុ បន្ទាប់មកហៅរថយន្តស្ទូច មកស្ទូចយកទៅ ជួសជុលដោយខ្លួនឯង ៕
មតិយោបល់