កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី ស័ក ព ស ២៥៦៥ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧–៣៨ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១ជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈ LHR ម៉ាកNISSAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-5059 អ្នកបើកបរឈ្មោះ ឃិន ខេន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអន្លងស្បា ឃុំចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមដំណើរដោយ១នាក់ឈ្មោះ រួង រៃ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកោះរការ ឃុំកោះរការ ស្រុកពាមរក៏ ខេត្តព្រៃវែង ។
មុនពេលកើតហេតុធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង ម៉ាក SUPER GREAT ពណ៌ខៀវខ្ចី ពាក់ស្លាកលេខចង្កូតស្តាំ PSHN 0560 សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-5968 ខណៈកំពុងបើកបរឆ្លងផ្លូវពីទិសខាងជើងទៅទិសខាងត្បូង ។ ចំណែក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ក្រោយពេលកើតហេតុរត់គេចខ្លួន) ។
ក្នុងហេតុការណ៍នេះ បណ្ដាលអោយឈ្មោះ រួង រៃ រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ចំពោះមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចធ្វើការវាស់វែងនិងនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ត្រពាំងគង ដើម្បីដោះស្រាយតាមនីតិវិធី ៕





មតិយោបល់