ព័ត៌មានជាតិ

Update៖ កំពុងធ្វើប្រារព្ធកម្មវិធីសែនអ្នកតាប្រចាំឆ្នាំ យ៉ាងសប្បាយរីករាយ ស្រាប់តែត្រូវបុរសម្នាក់បើករថយន្តបុករះចូលទៅក្លាយជាទុក្ខធំមួយរំពេច

ភ្នំពេញ: មនុស្សពីរនាក់ បានស្លាប់ភ្លាមៗនៅកន្លែង ខណ: ៥នាក់ទៀតរងរបួស រងរបួសធ្ងន់ស្រាល ក្នុងកម្មវិធីសែនអ្នកតា ដែលប្រារព្ធឡើងជារាងរាល់ឆ្នាំ មិនដែលមានរឿងអីនោះទេ ស្រាប់តែឆ្នាំនេះ ជួបទុក្ខធំបន្ទាប់ពីបុរសម្នាក់ បើករថយន្ត ទៅបុករះពេញទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិនា ឆ្នាំ ២០១៩ ត្រង់ចំណុផ្ទះប្រជាពលរដ្ឋភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកបើករថយន្តឈ្មោះ ទឹម គឹមតិច ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ អាក្រុម២២ ភូមិ៨ ផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបើករថយន្តម៉ាក លុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AN-2395។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នារៀបចំធ្វើពិធីសែនលោកតា រួចក៏មានកម្មវិធីផឹកស៊ីតិចតួចជារៀងរាល់ឆ្នាំ ពេលនោះឃើញជនបង្ក ពួកគាត់ក៏បាននាំគ្នាហៅមកហូបអីជុំគ្នា តែជនបង្កមិនមកនោះទេ ដោយអង្គុយនៅមុខផ្ទះរបស់ខ្លួន។

មួយស្ទុះក្រោយមក ជនបង្កបានដើរចូលទៅក្នុងផ្ទះ ហើយក៏ថយរថយន្តខាងលើ ចេញមកក្រៅផ្ទះរួច ភ្លាមៗនោះ ស្រាប់តែបើករថយន្តមកបុករះតែម្តង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់ និងស្លាប់ ២នាក់។

ក្រោយពេលកើតហេតុ ជនបង្កបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចេញ មកអន្តរាគមន៍ឃាត់ខ្លួនបាន យកមកអធិការខណ្ឌទួលគោក និងបានទាក់ទង ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការនរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង រួចយកជនបង្ក រួមទាំងរថយន្តទៅកាន់ការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់