ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថុតាង

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោក តឹក សូនី នាយការិយាល័យ និងមានការចូលរួមពីកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៤ ផ្ទះលេខ៣៩ (បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ និងបានចាប់យកវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨.៣៩ក្រាម, សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម, កាំភ្លើងខ្យល់ ៣ដើម និងជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមចាត់ការបន្តនីតិវិធី ៕

មតិយោបល់