ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ ៤នាក់ ករណីរក្សាទុកសារធាតុញៀន និងផ្តល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងផ្តល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ តូច រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ លី ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ ឈៀក ចម្រុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរឡាន ស្នាក់បន្ទប់ជួលនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៤-ឈ្មោះ ឡាច តារា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូច, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ម៉ូតម៉ាកហុងដា០១គ្រឿង ,ទូរស័ព្ទ០៣គ្រឿង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ថានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ០០នាទី នៅចំណុចតូបលក់ទឹកត្នោតជូរ ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងផ្តល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(ឈ្មោះ តូច រដ្ឋា និង ឈ្មោះ លី ភារម្យ) យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោយពីសាកសួរ សមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត (ឈ្មោះ ឈៀក ចម្រុង និង ឈ្មោះ ឡាច ដារា) នៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិអន្លង់គង់ចាស់ សង្កាត់ព្រៃស និងត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូចនៅក្នុងបន្ទប់របស់ឈ្មោះ ឡាច តារា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់