ព័ត៌មានជាតិ

ល្បែងស៊ីសងជាអំពើខុសច្បាប់! ជួញរបរកត់ឆ្នោត បែកការណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទីរសៀល មានករណីបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅផ្ទះគ្មានស្លាកលេខ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ មូល សុខលីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ០១ ផ្លូវលេខ០១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកកត់ឆ្នោត (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) និងទី២ឈ្មោះ ឃី ភាលី ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មករ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)។

វត្ថុតាងដកហូតមាន៖
– ក្រដាសកត់លេខឆ្នោតចំនួន០៦ដុំ
– ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង
– ត្រាចុះថ្ងៃខែឆ្នាចំនួន០៣
– តុចំនួន០១
– កៅអីចំនួន០២
– សៀវភៅចេញលេខឆ្នោតចំនួន០១ ក្បាល និង លុយខ្មែរចំនួន ១,៨១០,០០០រៀល (មួយលានប៉ែតសិបមួយម៉ឺនរៀល) ។

ដំណើររឿង៖ នៅវេលាម៉ោងថ្ងៃកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុន អភិបាលរងខណ្ឌមានជ័យ បានចុះបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ០១កន្លែងនៅចំណុចផ្ទះខាងលើ ដោយឃាត់ខ្លួនជនសង្ស័យ ជាម្ចាស់ទីតាំងចំនួន០២នាក់ ឈ្មោះ មូល សុខសីហា និង ឈ្មោះ ឃី ភាលី ព្រមទាំងឈានដល់ការឃាត់ខ្លួន អ្នកមកលេងចាក់ភ្នាល់ឆ្នោតវៀតណាមចំនួន០២នាក់ ទៀត ១/ឈ្មោះ ម៉ុក ភឹម ២. ឈ្មោះ ស៊ុន ស៊ត យកទៅសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ។

ក្រោយពីសាកសួររួចសមត្ថកិច្ច ធ្វើការអប់រំអនុញ្ញាតឲ្យក្រុមគ្រួសារធានាយកឈ្មោះ ម៉ុក ភឹម និងឈ្មោះ ស៊ុន ស៊ត យកទៅលំនៅដ្ឋានវិញ ដោយបានការឯកភាពពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកឯជនសង្ស័យ ដែលឃាត់ខ្លួនធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នោះ បច្ចុប្បន្នបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់