ព័ត៌មានជាតិ

ទប់កំហឹងមិនបាន សម្រេចសងសឹកជំនួសប្អូន យកពូថៅវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យម្នាក់ ប្រដាប់ដោយពូថៅបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង នៅពេលកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅកន្លែងកើតហេតុរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីស្រាវជ្រាវ ។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ នៅ វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះ ឈ្មោះ អ៊ុត ចន្នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (ត្រូវចំក្បាលលើត្រចៀកខាងស្តាំ ០១កន្លែង)

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបន្តឱ្យដឹងថា ៖ ករណីខាងលើនេះគឺបណ្តាលមកពីជនសង្ស័យខឹងនឹងជនរងគ្រោះដែលធ្លាប់បានវាយធ្វើបាបប្អូនស្រីរបស់ខ្លួនឈ្មោះ នៅ ស្រីមុំ អាយុ២៦ឆ្នាំ នាពេលកន្លងមក។ អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់