(ភ្នំពេញ)៖ តារាសម្តែងស្រីដ៏មានភាពល្បីល្បាញខ្លាំង ដែលត្រូវបានទស្សនិកជនខ្មែរផ្តល់រហស្សនាមឲ្យថា ជាតារាទឹកភ្នែក គឺកញ្ញា នី មុន្នីនាថ កំពុងតែត្រៀមអង្រួញអារម្មណ៍ទស្សនិកជនសាជាថ្មីម្តងទៀត បន្ទាប់ពីពិធី បុណ្យភ្ជុំបិណ្ឌរួច តាមរយៈរឿងថ្មីដែលមានចំណងជើងថា « បដាចារ » ដោយនាងត្រូវសម្តែងជាតួស្រីកំសត់ខ្លាំងបំផុត រហូតក្លាយទៅជាមនុស្ស ឆ្កួត សូម្បីតែរូបនាងផ្ទាល់ក៏ទប់ទឹកភ្នែកមិនបាននៅពេលឃើញឈុតខ្លួនឯងសម្តែងនៅក្នុងរឿងនេះ។ អ្វីដែលពិសេស រឿងនេះ ត្រូវបានគេដឹងថា ជាប្រភេទភាពយន្តបែបកំសត់ និងបង្កប់ទៅដោយអត្ថន័យអប់រំច្រើនថែមទៀត។
នី មុន្នីនាថ បានឱ្យដឹងថា ថតរឿង « បដាចារ » ជួបនូវការលំបាកយ៉ាងច្រើន បើប្រៀបធៀបទៅនឹងរឿងមុនៗដែលនាងធ្លាប់បានសម្តែង ពីព្រោះតួនាងបដាចារ ជាតួកំសត់ ត្រូវព្រាត់ប្រាស់មនុស្សដែលខ្លួនស្រឡាញ់ រហូតដល់ធ្លាក់ខ្លួនក្លាយទៅជាមនុស្សឆ្កួត អារម្មណ៍ពេលនោះពិតជាពិបាកខ្លាំងណាស់ តែទោះបីជាជួបនូវការលំបាកយ៉ាងណាក្តី នាងបានតស៊ូថតរឿងនេះរហូតដល់ចប់ ដើម្បីបំពេរអារម្មណ៍ទស្សនិកជន ។ នី មុន្នីនាថ រំពឹងថា ស្នាដៃថ្មីរបស់ខ្លួន និងកាន់តែទទួល បានការចាប់អារម្មណ៍ពីទស្សនិកជន ពីព្រោះរឿងនេះពិតជាកំសត់ និងបង្កប់ទៅដោយអត្ថន័យអប់រំ ជាច្រើន ។
គួរជម្រាបថា ជាច្រើនឆ្នាំក្នុងសិល្បៈតារាសម្តែងរូបនេះ បានឆ្លងកាត់ការសម្តែងរាប់មិនអស់ មិនថាតួអង្គស្លូត កាច កំសត់ គឺនាងធ្វើបានយ៉ាងល្អ ជាពិសេសនាងជាសិល្បករមួយរូបដែលត្រូវបានអ្នកដឹកនាំរឿងសរសើរមិនដាច់ពីមាត់ ថា ជាតារាសម្តែងមួយរូប ដែលមានទេពកោលស្យល្អ ខាងសម្តែងតួ កំសត់ និងសម្រក់ទឹកភ្នែក ដូច្នេះហើយទើបភាគច្រើនគេចូលចិត្តហៅនាងសម្តែងតែតួអង្គបែបនោះ៕
មតិយោបល់