ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តហាយលែនឌ័រ មួយគ្រឿង ដល់ស្តុបដែលមានផ្លូវបត់ស្តាំ និងផ្លូវបត់ឆ្វេង តែបែរជាមិនបន្ថយល្បឿន ព្យាយាមបើកទៅមុខត្រង់ក៏ជ្រុលបុករបងថ្មរបស់មន្ទីរសម្រាកព្យាបាលនីអូឡាយហ្វ៍ ពេញទំហឹង បង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបភ្នំពេញថ្មី តាម បណ្ដោយផ្លូវ៥៩៨ កែងនិងផ្លូវ១៩៨៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BA-3892 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចស្តុប កើតហេតុដែលជាផ្លូវបំបែក ទៅខាងឆ្វេង និងទៅខាងស្តាំ តែរថយន្តនោះក៏មិនបានបត់ទៅឆ្វេង ឬទៅស្តាំនោះទេ បែរជាបន្តបើកឆ្ពោះទៅមុខត្រង់ភ្លឹង ។ រួចក៏ជ្រុល ទៅបុកផើងផ្កាបែករាយប៉ាយ អស់មួយផើង រថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករបងថ្មរបស់មន្ទីរសម្រាកព្យាបាល នីអូឡាយហ្វ៍ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត បែកប្រេះចំនួនពីរផ្ទាំងធំៗ ។ ចំណែកឯរថយន្តបង្កបានរងការខូចខាត ផ្នែកខាង មុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាព ទាំងសងខាង ។ ហើយក៏មានសមត្ថកិច្ច មូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។
ក្រោយពេលកើតហេតុ ក៏មានតំណាងភាគីទាំងពីរ បានធ្វើការសម្របសម្រួល ចរចាដោះស្រាយគ្នា ហើយដោយមិនចង់មានរឿងវែង ឆ្ងាយភាគីខាងរថយន្ត ក៏ព្រមធ្វើការជួសជុលរបងឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕
មតិយោបល់