ព័ត៌មានជាតិ

បុគ្គលិកវិទ្យាស្ថានសន្តប៉ូលម្នាក់ បើករថយន្តបុកគូទហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរងរបួសធ្ងន់

តាកែវ: នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០ និង ៤០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងរថយន្ត ដែលបើកបរក្នុងទិសដៅស្របគ្នា ។

ករណីខាងលើនេះ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (រថយន្តដឹកមាន់) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3389 បើកបរដោយឈ្មោះ យ៉ែម រ៉ាវន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានរបួស) ដែលបើកបរមកពីទិសខាងជើង ។ លុះបើកបរមកដល់ចំណុចខាងលើ ក៏បានឈប់ចតអែបស្តាំនៅពីខាងលិចផ្លូវ បែរមុខទៅត្បូងដើម្បីចុះហូបអី ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មកពីក្រោយបុកចំពេញមួយទំហឹងតែម្តង ។ រថយន្តនោះម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ផ្លាក លេខភ្នំពេញ 2BJ-3284 បើកបរដោយឈ្មោះ ជួន អូន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកវិទ្យាស្ថានសន្តប៉ូល នៅភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។ វត្ថុតាងទាំងពីរខាងលើរងការខូចខាតធ្ងន់ ។
មូលហេតុ៖ បណ្តាលមកពីរថយន្តធំឈប់ចត ខ្វះការប្រុងប្រយ័ត្ន ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

មតិយោបល់