ព័ត៌មានជាតិ

យុវជនម្នាក់នាំក្មេងស្រីជាអនីតិជន ទៅផ្ទះសំណាក់រំលោភសេពសន្ថវៈ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយជនរងគ្រោះ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ បានប្តឹងរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល៣០ឆ្នាំ បាននាំកូនស្រីរបស់ខ្លួនឈ្មោះ ដ ស ខ ភេទស្រី អាយុ ១៤ឆ្នាំ ទៅផ្ទះសំណាក់ ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបានរួមភេទបានសម្រេចចំនួន០១លើក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ។

ក្រោយពីទទួលពាក្យបណ្ដឹង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារ ការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាព សហការជាមួយកម្លាំងនគរបាល ក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថេង ង៉ោល ហៅ នុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ឆ្លងតាមការធ្វើកំណត់ហេតុ ស្ដាប់ចម្លើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ ដ ស ខ បានសម្រេច០១លើកពិតប្រាកដមែន ។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់