ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឆក់កាបូប

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១​ វេលាម៉ោង៩និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍តាមរយ:ទូរស័ព្ទហតឡាញថានៅចំណុចរង្វង់ត្រីដូហ្វីនស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិខ្មែរ០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកSuzukiNex ពណ៌សបានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូ០១គ្រឿងម៉ាកScoopyពណ៌សបណ្តាលឲ្យដួលម៉ូតូរបួសពេញខ្លួនបន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកើតហេតុឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់។

ជនរងគ្រោះឈ្មោះ សយ រីណៃ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិ២​សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសរលាត់ប្រអប់ជើងខាងស្តាំ,ក្បាលជង្គង់និងឈឺពេញរៀងកាយ។

ជនសង្ស័យចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះនេត ប៉េឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ នៅអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះលន សេងហស្ស​ ហៅបី ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរស្នាក់នៅការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

៣-ឈ្មោះពេជ្រពើនភេទប្រុសជនជាតិខ្មែរស្នាក់នៅភូមិ៤សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។

សម្ភារ:វត្ថុតាងចាប់យកបាន៖-ម៉ូតូ០១គ្រឿងម៉ាកSuzukiNexពណ៌សពាក់ស្លាកលេខភ្នំពេញ1IT-1984(មធ្យោបាយធ្វើសកម្មភាព)-កាបូបស្ពាយ១ក្នុងនោះមាន៖(ផលនៃអំពើលួច)-កាបូបដៃ១-អត្តសញ្ញាណប័ណ្ណ១សន្លឹក-កាតវីង២សន្លឹក-កាតចាក់វ៉ាក់សាំង១សន្លឹក។

ករណីខាងលើនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងអនុវត្តបន្តនីតិវិធី។ចំណែកសម្ភារ:របស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់