(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងនឹងពិចារណាចំពោះលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េជាថ្មីម្ដងទៀត ប្រសិនបើការគោរពគ្នាទៅវិញទៅមករវាងកូរ៉េទាំង២ ត្រូវបានធានា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ធ្វើការកត់សម្គាល់បែបនេះ ដោយផ្អែកលើការស្រង់សម្ដីរបស់ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុង នៅថ្ងៃសៅរ៍នេះ។
ការអត្ថាធិប្បាយរបស់អ្នកនាង គីម យូ ចុង ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបោះបង់ ចោលនូវនយោបាយអរិភាព និងស្ដង់ដារពីរចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន មុននឹងចង់និយាយពីកិច្ចចរចាស្វែងរកសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ជាផ្លូវការ។
អ្នកនាង គីម យូ ចុង បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថាមានតែភាពយុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមកទេ ដែលអាចរក្សាបាននូវការ ទំនាក់ទំនងដោយរលូនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង»៕
ប្រភព៖ AFP
មតិយោបល់