ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីស រេចង្កូតបុកទ្រូងផ្លូវបាក់២កង់

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់២កង់រថយន្តដាច់កង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចស្តុបកងរាជអាវុតហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K 7173 ធ្វើដំណើរទិសដៅពីលិចទៅកើត បោះពួយក្នុងល្បឿនលឿន ខណៈមេឃកំពុងតែភ្លៀងផងនោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្បាលព្រួញខ្ទាតចេញ១កង់ រថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកក្បាលព្រួញ១កង់ទៀត បណ្ដាលឲ្យដាច់កង់ខាងឆ្វេងទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកកន្លែងកើតហេតុ មិនបានឃាត់ម្ចាស់រថយន្តបង្កនោះទេ យកតែលេខទូរស័ព្ទអ្នកតំណាងម្នាក់ បើករថយន្តធុនត្រា មួយគ្រឿង មកដឹកម្ចាស់រថយន្តបង្ករួចប្រាប់សមត្ថកិច្ចថា គាត់ជាមេធាវីចាំដោះស្រាយគ្នា រួចក៏បើករថយន្តចេញទៅបាត់ទៅ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្នងការាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់