ព័ត៌មានជាតិ

រថយន្តតូយ៉ូតាព្រូសពន្លះរបាំងថ្ម ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្តាលឲ្យម្ចាស់រងរបួស

ភ្នំពេញ: បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ខណៈមេឃកំពុងភ្លៀង បោះពួយយ៉ាងលឿនមិនប្រយ័ត្ន បានរេចង្កូតបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចមួយកង់ រថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងតៃកុងរបួសស្រាល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង ៥០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅខាងលិចស្តុបណូគា តាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវ២៧១ សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-2418 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត ខណៈមេឃកំពុងភ្លៀង ។ លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៣៧១ សឡា បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចមួយកង់ ឯរថយន្តខ្ទេចមួយចំហៀងមុខ ហើយក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង ។ ភ្លាមៗនោះតៃកុងបានលូនចេញពីរថយន្ត រួចដើរទៅនៅមន្ទីរពេទ្យដើម្បីព្យាបាលដោយខ្លួនឯង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

មតិយោបល់