ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ជិតបញ្ចប់ទៅហើយ ស្រាប់តែមានក្មេងស្ទាវម្នាក់ ជិះម៉ូតូមួយគ្រឿងមកបុកទាំងកំរោល បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់ និងក្មេងស្ទាវរងរបួសស្រាល កាលវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះ រតនា មុខរបរនគរបាលចរាចរណ៍ ខណ្ឌទួលគោល រងរបួសធ្ងន់
យោងតាមប្រភពពីមន្ត្រីនគរបាលម្នាក់ បានប្រាប់អង្គភាពសារព័ត៌មាន Post News TV បានឲ្យដឹងថា កម្លាំងនគរបាល ខណ្ឌទួលគោក កំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវ២៧១ ចាប់ពីម៉ោង0៨និង០០នាទីយប់ រហូតដល់ម៉ោងកើតហេតុខាងលើ ជិតបញ្ចប់ទៅហើយ ខណៈពេលនោះស្រាប់តែមានក្មេងស្ទាវម្នាក់ ជិះម៉ូតូស៊ុយគីឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាក HM 9792 ធ្វើដំណើរទិសដៅពីត្បូងទៅជើង មិនមានមួកការពាសុវត្ថិភាពនោះទេ បានជិះចូលកាត់បារ៉ាស់ក្នុងល្បឿនដូចហោះ សង្ស័យស្រវឹងជ្រុលទៅបុកមន្ត្រីនគរបាលម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូក ចំណែកជនបង្ករងរបួសបែកមុខមាត់ស្រាល ភ្លាមៗនោះដែរមន្ត្រីនគរបាល ដែលរងរបូសធ្ងន់ ត្រូវសមត្ថកិច្ចដាក់កង់បី ទៅសង្គ្រោះជីវិតភ្លាមៗ ចំណែកក្មេងស្ទាវដែលជាជនបង្ក ត្រូវដាក់រថយន្តសាម៉ុយទៅព្យាបាល ។
ក្រោយកើតហេតុ ម៉ូតូជនបង្កត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
មតិយោបល់