ព័ត៌មានជាតិ

ជិះម៉ូតូលឿនជ្រុលបុករថយន្តឡិចស៊ីស បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ពីរនាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលបោកនិងថ្នល់ រងរបួសធ្ងន់ម្នាក់និងពីរនាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២ និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនបីនាក់ ជិះម៉ូតូឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB 7899 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ជ្រុលទៅបុករថយន្តឡិចស៊ីស 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J 9007 បើកដោយបុរសម្នាក់ ឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង ចំទ្វារខាងស្ដាំបណ្ដាលបោកនិងថ្នល់ រងរបួសធ្ងន់ម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់ តែជាអកុសលបានស្លាប់ទាំងពីរនាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍ចាក់អង្រែលើ រង់ចាំប្រគល់ឲ្យជំនាញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ការពារទីតាំងកើតហេតុ ហើយបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ ស្នងការរាជធានីភ្នំពេញមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះទាំងពីរនាក់ ក្រោយពីសមត្ថកិច្ចធ្វើកំណត់រួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕

មតិយោបល់