ព័ត៌មានជាតិ

ទើបទិញម៉ូតូថ្មី ឌុបស្រីដើរលេង ជួយគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង ០៤ និង២០នាទីព្រឹកព្រហាមថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់ ត្រង់ចំណុចលើផ្លូវជាតិលេខ៣កែងផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក NISSAN ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រៃវែង 3A-0048 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត។ ម៉ូតូម៉ាក SUZUKI Let,s ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HN-7435 បើកបរដោយឈ្មោះ ស៊ុ សុភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិចាន់ល្អង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរទី១ភេទស្រី ពុំស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២ ភេទស្រី ពុំស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនិចឯកជនរស្មី។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត ធ្វើដំណើរពីជើងទៅត្បួង បត់ឆ្វេងឆ្លងផ្លូវ ចំណែកម៉ូតូ ជិះទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បុកចំពីមុខផ្នែកខាងស្តាំនៃរថយន្ត បណ្តាលឲ្យបោកដួលតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ដើម្បីធ្វើកំណត់ហេតុ ចំណែកសពបុរសម្នាក់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងសពស្ត្រីម្នាក់ទៀត យកទៅតម្កល់នៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួល៕

មតិយោបល់