ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីគាស់ស័ង្កសី និងកាត់ពិដានផ្ទះចូលលួចទូរស័ព្ទ

តាកែវ: នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ និង ០០នាទីទៀបភ្លឺ ដោយមានចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧត្តមសេនីយទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីចូលគាស់ផ្ទះ លួចទូរស័ព្ទដៃ នៅចំណុចភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ផាន់ ណារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភមិ ឃុំកើតហេតុខាងលើ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖

១/ឈ្មោះ ភួង វង ភេទប្រុស អាយុ២១ឆ្នាំ ២/ឈ្មោះ ឌឹម វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ ទាំង២នាក់ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដកហូតបាន៖ ទូរស័ព្ទដៃចំនួន១៩ គ្រឿង ឆ្នាំងសាកចំនួន០៥ គ្រឿង កុំព្យូទ័រ០១ គ្រឿង ។

ក្រោយមកទៀត បានបន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ផាន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ដកហូតបានទូរស័ព្ទដៃចំនួន០៥គ្រឿង ។

បច្ចុប្បន្ន មន្រ្ដីនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី ៕

មតិយោបល់