ព័ត៌មានជាតិ

ចោរថ្លើមធំ ហ៊ានលួចរថយន្តដល់ទៅ២គ្រឿង ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចរថយន្តរបស់ប្រជាពលរដ្ឋចំនួន២គ្រឿង បានសម្រេច។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ មានករណីបាត់រថយន្តចំនួន២គ្រឿង នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមចោរលួចយកទៅបាត់។

ក្រោយពីមានករណីនេះកើតឡើងរួចមក កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះជួលគ្មានលេខ ក្រុម១២ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ រួចបន្តដកហូតបានរថយន្តទាំង២គ្រឿង នៅកន្លែងផ្ញើ ផ្ទះលេខ១០៤ ក្រុមទី៨ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

//youtu.be/CirtDLzCfwk

មតិយោបល់