ព័ត៌មានជាតិ

គណៈកម្មការរៀបចំការប្រកួតរ៉ូបូតថ្នាក់ជាតិ រកឃើញក្រុមរ៉ូបូតចំនួន២ តំណាងកម្ពុជាចូលរួមប្រកួតអន្តរជាតិ ឆ្នាំ២០២១

កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គណ:កម្មការរៀបចម្ការប្រកួតរ៉ូបូតថ្នាក់ជាតិនៃទូរទស្សន៍ជាតិកម្ពុជា បានរៀបចំពិធីប្រកាសលទ្ធផលប្រកួតរ៉ូបូតជ្រើសរើសតំណងកម្ពុជា ចូលរួមប្រកួតអន្តរជាតិ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងមានការចូលរួមពីលោកគ្រូ ។

ឯកឧត្តម ឃឹម វុទ្ធី បានមានប្រសាសន៍បើកថា បច្ចុប្បន្ននេះទូរទស្សន៍ជាតិកម្ពុជា បាននឹងកំពុង បំពេញតួនាទីរបស់ខ្លួន ក្នុងការជម្រុញ លើកទឹកចិត្ត និងបង្កើត ឱកាសដល់ និស្សិត ដែលកំពុងសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដើម្បីតម្រង់ទិសវិជ្ជាជីវ:ឲ្យចំទិសដៅ ដែលខ្លួនពេញចិត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការ អភិវឌ្ឍន៍ប្រទេសជាតិយើង ចំពោះវិស័យបច្ចេកវិទ្យា ប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយ:ការបង្កើតកម្មវិធីការប្រកួតប្រជែង កម្មវិធីបទយកការណ៍ និងកម្មវិធីអប់រំផ្សេងៗទៀត។

ឯកឧត្តម បន្តថា ប្អូនៗនិស្សិតទាំងអស់ ពិតជាបានខិតខំប្រឹងប្រែងផលិតរ៉ូបូត បើទោះបីជាលទ្ធផលក្នុងថ្ងៃនេះ ក្រុមខ្លះ មិនបានជាប់ទៅប្រកួតតំណាងជាតិក៏ពិតមែន ក៏ប៉ុន្តែក្រុមទាំងអស់ ទទួលបានបទ ពិសោធន៍បន្ថែម ក្នុងការឈានទៅប្រកួតជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ នាចុងខែធ្នូខាងមុខ។

សូមបញ្ជាក់ផងដែរ ការចូលរួមប្រកួតព្រឹត្តិការណ៍អនឡាញនេះ មានក្រុមចូលរួមប្រកួត៦ក្រុម មកពី៥សាលា មានដូចជា CADT01, ITC01, ITC02, NPIC01, NTTI01 &NUM01។ ជាលទ្ធផល ក្រុមចំណាត់ថ្នាក់លេខ១បានទៅលើក្រុម NPIC01 ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមITC02 ដែលក្រុមទាំង២ នឹងតំណាងកម្ពុជាចូលរួមប្រកួតរ៉ូបូតអន្តរជាតិ នាដើមខែធ្នូ។

គួររំលឹកផងដែរថា ការប្រកួតរ៉ូបូតឆ្នាំនេះ ស្ថិតក្រោមវិញ្ញាសា គប់ព្រួញចូលថូ ជាការដកស្រង់ពីប្រពៃណីពីប្រទេសចិន ក្រុមទាំងអស់ ត្រូវផលិតរ៉ូបូតចំនួន២ ដែលមានសមត្ថភាព ចាប់ព្រួញ គប់ព្រួញ និងរារាំងព្រួញ ចូលថូរបស់ខ្លួន និងគូប្រកួត។

មិនទាន់បញ្ចប់ទេ សម្រាប់ការប្រកួតរ៉ូបូតឆ្នាំ២០២១ ក្រុមទាំង៦ បូករួមនឹងក្រុមខកខានចំនួន៧ផ្សេងទៀត សរុប១៣ក្រុមមកពី៧សាកលវិទ្យាល័យ និងវិទ្យាស្ថាន និងត្រៀមចូលរួមប្រកួតរ៉ូបូតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ ជាការប្រកួតនៅទីលានផ្ទាល់ នាចុងខែធ្នូ ឆ្នាំ២០២១។

មតិយោបល់