បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី លើផ្លូវជាតិហាយវេរ ត្រង់ចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ និងម៉ូតូហុងដាឌ្រីម បណ្តាលអោយក្មេងស្រីម្នាក់រងរបួសធ្ងន់ និងក្មេងប្រុសម្នាក់ស្លាប់បាត់បង់ជីវិត ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស គ្មានផ្លាកលេខ សឺមីរ៉ឺម៉កលេខកំពង់ចាម 4A-1688 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម (HONDA-DREAM) C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1AL-6165 បើកបរដោយឈ្មោះ រីន រ៉ាឌី ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល រួមនឹងអ្នកដំណើរម្នាក់ឈ្មោះ អ៊ឹម ចំរ៉ុង ភេទប្រុស អាយុ០៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ។ ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យភាគីអ្នកបើកបរម៉ូតូរងរបួសធ្ងន់ស្រីម្នាក់ (មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរជាមួយប្រុសស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ចំណែករថយន្ត បើករត់គេចទៅមុខប្រហែល៤០០ម៉ែត្រ ក៏ចតចោលរួចអ្នកបើកបរគេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ តាមការពិនិត្យកន្លែងកើតហេតុ គឺបណ្តាលមកពីម៉ូតូធ្វើដំណើរពីទិសខាងកើតទៅលិច តាមផ្លូវលំក្រាលកៅស៊ូ លុះពេលមកដល់កន្លែងកើតហេតុ បានឆ្លងផ្លូវហាយវេរ ទៅលិចជ្រុលទៅបុករថយន្តធ្វើដំណើរ ពីជើងទៅត្បូងតាមផ្លូវហាយវេរ ចំកង់កណ្តាលរះដល់កង់ក្រោយខាងឆ្វេងតែម្តង ។ នាពេលនេះ នគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលចរចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់