ព័ត៌មានជាតិ

First News: តុលាការសម្រេចឃុំខ្លួនមេធាវី ពេជ រតនា

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច លោកចៅក្រមស៊ើបសួរ លី លឹបម៉េង បានសម្រេចឃុំខ្លួនលោកមេធាវី ពេជ រតនា បន្ទាប់ពីធ្វើការសាកសួរអស់ពេញមួយថ្ងៃ។

បើតាមលោក ងិន ពេជ្រ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ ពេជ រតនា ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរមេធាវី ចំនួន៤បទល្មើស រួមមាន ទី១-បទប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ តាមមាត្រា៤ ចំណុច១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ទី២-បទពុករលួយ ដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ តាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ទី៣-បទសមគំនិត តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងទី៤-បទសូកប៉ាន់ ចំពោះចៅក្រម តាមមាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា ជនត្រូវចោទឈ្មោះ ពេជ រតនា អាយុ៤០ឆ្នាំ មុខរបរមេធាវី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ពាក់ព័ន្ធនឹងអំពើពុករលួយ បន្ទាប់ពីលោកមេធាវីរូបនេះ បានចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ ដើរសំដៅមករថយន្តទំនើបរបស់ខ្លួនម៉ាក Lexus 470 ដែលចតទុកក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

ជនត្រូវចោទរូបនេះ ត្រូវបានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងមេធាវីទាំង៦រូប សុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយការពារសិទ្ធិក្ដី ដែលមានទី១ លោក សាំង វណ្ណៈ ទី២-លោក អ៊ីវ ប៉ូលី ទី៣-លោក ជូ ចាន់ធីរ៉ា ទី៤-លោក ជា ហុងរី ទី៥-អ្នកស្រី សៅ កញ្ញា និងទី៦-លោក ឈី សម្បត្តិ ផងដែរ៕

photo_2016-06-02_13-09-4713346503_1609396469374718_8629192093667927680_n

មតិយោបល់