ព័ត៌មានជាតិ

រន្ធត់ណាស់! ​​រថយន្ត​កាមា​រី​រេ​ចង្កូត​ជ្រុល​បុក​ម៉ូតូ០​២​គ្រឿង បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់ម្នាក់​

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មាន​មនុស្ស​០២​នាក់​បាន​បាត់បង់​ជីវិត​ និងម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​រថយន្ត​កា​មា​រី​០១​គ្រឿង​បុក​ជាមួយ​ម៉ូតូ​០២​គ្រឿង​ នៅ​វេលា​ម៉ោង​១៨​និង​៤០​នាទី​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២១​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២៥៦៣​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥-១៦​ ខាងលិច​សាលាឃុំ​គោក​រមៀត​ ប្រហែល​ ៧០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​រមៀត ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ​ ប៊ិ​ន​ ដា​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ បើក​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ខៀវ​+​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ប្រពន្ធ​រួម​ដំណើរ​ឈ្មោះ​ កៃ​ យ៉ុ​ន​ អាយុ​៥២​ឆ្នាំ​ រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​ នៅ​ស្រុក​មង្គល​បូ​រី​ ។​ ចំណែក​ជន​រង​គ្រោះ​ស្លាប់​ម្នាក់​ទៀត​ឈ្មោះ​ ប្រម​ ថៃ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​សាមគ្គី​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​ 110​ ពណ៌​ទឹកប្រាក់​+​ខៀវ​គ្មាន​ស្លាក​លេខ​ ស្លាប់​នៅ​មន្ទីរពេទ្យ​មង្គល​បូ​រី​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ម៉ូតូ​០២​គ្រឿង ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ កើត​ទៅ​លិច​ ។​ ពេល​ដល់​ចំណុច​កើតហេតុ​ ត្រូវ​បាន​បាន​រថយន្ត​កា​ម៉ា​រី​០១​គ្រឿង​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-3202​ ពណ៌​ប៉ៃ​តង​ចាស់​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ទាំង​០២​គ្រឿង​ ពេញទំហឹង​តែ​ម្តង​ ហើយ​រថយន្ត​បាន​ជ្រុល​ធ្លាក់​ចូល​ក្នុង​វាលស្រែ​ ។​ រីឯ​អ្នកបើកបរ​រត់​បាន​រត់គេច​ខ្លួន​បាត់​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ មូលហេតុ​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ (​ឡើង​ជែង​)​ ។​

​បច្ចុប្បន្ន​ មធ្យោបាយ​ទាំង​៣​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ​។​ ចំណែក​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់