ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកុងតឺន័រធំបុកគូទរថយន្តសាំយ៉ុង ខណៈពេលដែលកំពុងឈប់មើលកង់ឡាន បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្គ្រោះភ្លាម។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្ត សាំយ៉ុង ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ កែប 2A-0042 បើកបរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុ កង់របស់រថយន្តសាំយ៉ុងខាងលើ បែកធ្លាយទើបម្ចាស់រថយន្តជាតៃកុង បានឈប់រថយន្តរួចចុះទៅមើលកង់រថយន្ត ស្របពេលនោះក៏មានរថយន្តសណ្ដោងទូកុងតឺន័រធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-6315 ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយបុកយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តខ្ទាតទៅមុខប្រហែល ៣០ម៉ែត្រ និងរងរបួសទៅកុងឡានម្នាក់ធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមទាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកប្រាសាទទុក ដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់