ភ្នំពេញៈ នៅវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ មានករណីយុវជនចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន មកដល់ផ្លូវកោងជ្រុលបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ របួសម្នាក់ ទីតាំស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល (បានស្លាប់ ) និងម្នាក់ទៀតឈ្មោះ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ បានរងរបួស ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ មានគ្នាពីរនាក់ ធ្វើដំណើរចេញពីចំណុចបឹងកក់ គោលបំណងទៅខណ្ឌជ្រោយចង្វា ដោយបើកបរក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង ហើយដួលអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ បោកក្បាលស្លាប់ និងម្នាក់ទៀតបានរងរបួស ។ លុះក្រោយពេលកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល រីឯសាកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងសាច់ញាតិឲ្យមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកសាច់ញាតិបន្តទៀត ៕
មតិយោបល់