ភ្នំពេញៈ ឥទ្ធិពលរបស់ព្យុះទី៧ ឈ្មោះ ដៀនមុ (DIANMU) នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ទាំងក្នុងអាងទន្លេមេគង្គ និងក្នុងព្រះរាជាណាចក្រកម្ពុជា តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកមុននេះបន្តិច។
សេចក្ដីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែសីហានេះ ឲ្យដឹងថា វិសម្ពាធទាបដែលបានកើតនៅលើភាគឦសាន្តកោះហៃណាំ ប្រទេសចិន កាលពីថ្ងៃទី១៧ ខែសីហានោះ នៅម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែសីហានេះ បានវិវត្តទៅជាព្យុះទី៧ ឈ្មោះ ដៀនមុ (DIANMU) ស្ថិតនៅលើកោះហៃណាំ ភាគខាងជើង។ តាមការព្យាករ ព្យុះនេះនឹងបន្តដំណើរទៅដល់ឆ្នេរប្រទេសវៀតណាម ខាងកើតក្រុងហាណូយ នៅយប់ថ្ងៃទី១៩ ខែសីហា។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅលើអាងមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា បង្កឲ្យទឹកទន្លេហក់ឡើងជាបន្តបន្ទាប់។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ច្រើនរាយប៉ាយ នៅក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។
តំបន់ឆ្នេរសមុទ្រ និងលើផ្ទៃសមុទ្រ៖ អាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា៕


មតិយោបល់