ភ្នំពេញៈ រថយន្តកាមរីហាយព្រីត មួយគ្រឿង បើកបរដោយបុរសម្នាក់ បោះពួយក្នុងល្បឿនលឿន រេចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ រួចផុតពីគ្រោះថ្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះ បានកើតឡើង គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក camry hybrid ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-1988 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏រេចង្កូតបុកក្បាលពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ហើយក៏បានបើកទ្វាររថយន្តបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ស្រមោល សូម្បីតែសមត្ថកិច្ចក៏មិនបានឃើញមុខ អ្នកបើកបរនឹងរបៀបម៉េចផង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ ទើបធ្វើការវាស់វែង នឹងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅរថយន្តមកស្ទូចយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ៕
មតិយោបល់