ករណីភ្លើងគំនុំ! ជនដៃដល់និងបក្ខពួក ធ្វើសកម្មភាពយកកាំបិតនិងពូថៅ កាប់ជនរងគ្រោះឲ្យរបួសធ្ងន់
កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថៃ្ងអាទិត្យ មានករណីវាយកាប់គ្នាមួយកើតឡើង នៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនដៃដល់ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) និងឈ្មោះ abc និងបក្ខពួកផ្សេងទៀតបានធ្វើសកម្មភាពយកកាំបិតផ្គាក់ និងពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ បៃ ផល្លីម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសជាទម្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពីទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ និងព័ត៌មានអំពីករណីខាងលើ សមត្ថកិច្ចនគរបាល ស្រាវជ្រាវរហូតកំណត់មុខសញ្ញាដៃដល់ឈានទៅធ្វើការឃាត់យកមកសាកសួរ ទីបំផុតចម្លើយនិងវត្ថុតាងត្រូវបានរកឃើញ ដោយបានព័ត៌មានពីបងប្រុសជនរងគ្រោះឈ្មោះ បៃ ផល្លា ។
ជនដៃដល់ឈ្មោះ ហ៊ុន សីហា បានបញ្ជាក់ និងទទួលស្គាល់ថា ខ្លួននិងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាពរួចបាននាំគ្នាគេចខ្លួន ។ មូលហេតុនៃអំពើហិង្សាខាងលើ បណ្ដាលមកពីភ្លើងគំនុំគុំកួនសងសឹក ។
បច្ចុប្បន្ន ជនសង្ស័យក្នុងករណីហិង្សាខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីអនុវត្តបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់