ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់យកខោអាវទៅបោក បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់តែម្តង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង៥០នាទី មានករណីក្មេងប្រុសវ័យជំទង់ម្នាក់ទៅបោកខោអាវនៅប្រឡាយប្រកាច់ចូលទឹកបណ្តាលអោយលង់ទឹកស្លាប់ ហេតុការណ៍នេះកើតឡើងនៅចំណុចក្រុមទី១៣ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ជនរងគ្រោះឈ្មោះ ជា ចេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

តាមការបញ្ជាក់ពីសមាជិកគ្រួសារ បានឲ្យដឹងថា យុវជនខាងលើមានរោគប្រចាំកាយ (ស្កន់ជ្រូក) ឧស្សាហ៍ប្រកាច់ជាញឹកញាប់នៅថ្ងៃកើតហេតុ ខ្លួនបាន យកខោអាវទៅបោកស្រាប់តែជំងឺធ្វើទុក្ខភា្លមៗទើបណ្តាលអោយធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់។

ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ជា ចេង សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

 

មតិយោបល់