ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសពីរនាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Toyota Corolla និងម៉ូតូម៉ាកYamaha Exciter ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១០៨–១០៩ មុខសាលាស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២១។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តម៉ាក Toyota Corolla ពណ៌សពាក់ស្លាកលេខ រាជការ–០៧២៨ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបត់ឆ្វេងជ្រុលទៅបុកម៉ូតូម៉ាក Yamaha Exciter ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ស្រាល ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ និងសង្រ្គោះជនរងគ្រោះ។

លោកអធិការបានបន្តថា ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ ប៊ុន រ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ និងទី២ឈ្មោះ ម៉ែន តុលា ភេទប្រុស អាយុ ១៦ ឆ្នាំ ជាអ្នករួមដណើរ រងរបួសស្រាល អ្នកទាំងពីរមានមុខរបរជាងម៉ូតូ រស់នៅភូមិ.ឃុំកើតហេតុខាងលើ បច្ចុប្បន្នជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅសង្រ្គោះនិងព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ។លោកអធិការ បានបញ្ជាក់បន្ថែមថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺបណ្តាលមកពីកត្តា រថយន្តបត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកវាលវែង រងចាំការដោះស្រាយ៕

 

មតិយោបល់