ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង មានការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្រ្គោះ គ្រោះមហន្តរាយក្រសួងការពារជាតិ អមដំណើរ ដោយនាយទាហាន ដែលមានភារកិច្ចជំនាញក្នុងការសង្គ្រោះគ្រោះមហន្តរាយជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងពេលទឹកស្ទឹងព្រែកត្នោត ដែលហូរធ្លាក់មកពីខេត្តកំពង់ស្ពឺបានឡើងពេញប្រៀបមាត់ស្ទឹង ទាមទារអោយមានការប្រុងប្រយត្ន័ខ្ពស់។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត នាពេលនេះ ឯកឧត្តម ម៉ឹង សំផន បានជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងពេលដែលបងប្អូនកំពង់ធ្វើសកម្មភាពលើកទំនប់ទប់ទឹក និងប្រចាំការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលក្នុងនោះមាន៖ កម្លាំងអង្គភាពកងពលដឹកជញ្ជូនលេខ៩៩ បញ្ជាការដ្ឋានអង្គរក្ស និងកងទ័ពជើងទឹក ដែលបានប្រចាំការ ដោយបានត្រៀមលក្ខណៈនូវមធ្យោបាយដឹកជញ្ជូន ទូក និងអូប៊រ័ ជាច្រើនគ្រឿងដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។ ឯកឧត្តម ម៉ឹង សំផន បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ ការចុះមកអន្តរាគម៍របស់កងកម្លាំងនាពេលនេះ គឺអនុវត្តន៍ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង មានសំណូមពរពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយកងទ័ពជួយទប់ទឹកដែលកំពង់ឡើងនៅតាមដងស្ទឹងព្រែកត្នោត ដែលកំពង់ជនលិចពីខេត្តកំពង់ស្ពឺ កុំឲ្យទឹកនេះជនលិចដល់ទីក្រុង។ ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើយើងគ្មានវិធានការទប់ស្កាត់បានទាន់ពេលវេលាទេរ ទំនប់នេះអាចហៀរ ហូរធ្លាក់មកដល់ស្ទឹងព្រែកជ្រៃ អាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់បន្ថែមថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងពេលដែលមានគ្រោះមហន្តរាយកើតឡើង ។
ឯកឧត្តម ម៉ឹង សំផន បានជំរុញដល់ គ្រប់បណ្តាអង្គភាពកម្លាំងជំនាញទាំងអស់ត្រូវត្រៀមលក្ខណៈទាំងកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារគ្រប់ប្រភេទ ដែលក្រសួងការពារជាតិមាន ដើម្បីចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា។
សូមបញ្ជាក់ថា កម្លាំងទៅចូលរួមជាមួយគណៈកម្មាការជួយសង្រ្គោះគ្រោះមហន្តរាយក្រសួងការពារជាតិ រួមមាន កម្លាំងបញ្ជាការដ្ឋានអង្គរក្ស, កម្លាំងកងពលដឹកជញ្ជូនលេខ ៩៩, កម្លាំងកងទ័ពជើងទឹក និងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដើម្បីត្រៀមលក្ខណៈ និងអនុវត្តិធ្វើការទប់ទឹក ធ្វើយ៉ាងណាកុំអោយទឹកជំនន់ជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ៕
មតិយោបល់