ព័ត៌មានជាតិ

អនុវត្តតាមដីកាឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទហិង្សាដោយចេតនា នៅក្រុងបាត់ដំបង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ និង១៥នាទី ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្នែកគ្រប់គ្រងនិងអនុវត្តដីកា ដឹកនាំដោយលោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលើជនជាប់ចោទម្នាក់ តាមដីកាលេខ ១៣៨ ត.ព្រ ២១ ចុះថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ របស់ លោក នុត សុម៉ារី ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកមរា ឆ្នាំ២០២១។

មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ទា ប៉ូឡា (ហៅ ឃុន ប៉ូឡា) ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៧៣ ក្រុមទី០៧ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ។

បច្ចុប្បន្ន ពិរុទ្ធជនខាងលើត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់