ព័ត៌មានសិល្បៈ និងកម្សាន្ត

ឯកឧត្តម ឃួង ស្រេង បានចូលខ្លួនទៅផាកពិន័យហើយ ខណៈជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃថ្ងៃ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ ខណ:ដែលឯកឧត្តមជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់និងពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនបានពាក់មួកសុវត្ថិភាពពេលបើកម៉ូតូនោះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង បានចូលខ្លួនទៅបង់ការផាកពិន័យចំពោះកំហុសឆ្គងអចេតនានេះរួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

មន្ត្រីដដែលបានបញ្ជាក់ថា តាមការពិតទៅពេលនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួកសុវត្ថិភាព ស្រអាប់ពេកពិបាកមើលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីរកដំណោះស្រាយជួយប្រជាពលរដ្ឋ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ឯកឧត្តម ទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនា ទើបនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមក៏ចូលខ្លួនទៅឱ្យមន្ត្រីចរាចរណ៍ ធ្វើការផាកពិន័យទៅតាមច្បាប់ សូមបងប្អូនមេត្តាយោគយល់ ចំពោះកំហុសអចេតនានេះផង ។

ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តដឹកនាំអាជ្ញាធរ និងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ខណ:ពេលពលរដ្ឋមានទុក្ខ ដោយគ្រោះទឹកជំនន់នេះ ៕

មតិយោបល់