ភ្នំពេញៈ បុរសពោះម៉ាយកូន២ម្នាក់ ដោយឧស្សាហ៍ផឹកស្រាជាប្រចាំផងនោះ បានបាត់ខ្លួនពីរថ្ងៃ ស្រាប់តែប្រជាពលរដ្ឋដើររើសខ្យង ប្រទះឃើញលង់ទឹកស្រះស្លាប់ នៅមុខផ្ទះរបស់ខ្លួន បន្សល់ទុកកូនប្រុសស្រី២នាក់ ឱ្យកំព្រាឪពុកនៅសល់តែម្តាយ ។
ហេតុការណ៍នេះ បានបងឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង០១និង ១៥នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចក្នុងទឹកស្រះ មុខផ្ទះជនងគ្រោះ ក្នុងភូមិព្រះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពី សាច់ញាតិជនរងគ្រោះ នៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសកម្សត់ខាងលើមានសតិមិនប្រក្រតី ប្រមាន ៤ ទៅ ៥ ឆ្នាំមកហើយ គឺតាំងតែពីបានបែកបាក់ភរិយាជាទីស្រលាញ់របស់ខ្លួន ឃ្លាតកាយលែងលះរស់នៅផ្សេងគ្នា ដោយកាលនៅ ជុំគ្នានោះ អ្នកទាំងពីរបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងដៃហើយកូនៗទាំងពីរនាក់ រស់នៅជាមួយម្តាយ នៅភូមិផ្សេង ។
ប្រភពបន្តថា បន្ទាប់ពីបែកបាក់គ្នា មកបុរសខាងលើគិតច្រើនរហូតធ្លាក់ខ្លួន ជាអ្នកមានសតិមិនប្រក្រតី ហើយបងប្អូនបានយកទៅ ពេទ្យព្យាបាលដែរ តែមិនជានោះទេ ។
ប្រភពបានបន្តទៀតថា លុះដល់ថ្ងៃអាទិត្យ ទី៣១ ខែវិច្ចិកា ឆ្នាំ ២០២១ ស្រាប់តែបាត់បុរសខាងលើ មិនដឹងថាគាត់ទៅណាទេ ហើយបងប្អូនដើររកដែរតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ ដដែលមានបុរសម្នាក់ បានដើររើសខ្យងនៅតាម មាត់ស្រះទឹកនោះ ស្រាប់តែប្រទះឃើញសាកសពបុរសនោះ អណ្តែតទឹកក្នុងស្រះស្លាប់បាត់ទៅហើយ ។
ភ្លាមៗ ក៏ស្រែកប្រាប់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបាន ដំណឹងនេះ សមត្ថកិច្ចបានទៅដល់ពនិត្យរួចរាល់ ធ្វើលិខិតស្នាមប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់