ព័ត៌មានជាតិ

រថយន្តទ្រុងដឹកទំនិញបុកពីក្រោយរថយន្តសណ្ដោងកំពុងឈប់ស្ងៀមកៀបអ្នកបើកបរនិងប្រពន្ធជាប់ក្នុងកាប៊ីន

ភ្នំពេញ: រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដែលកំពុងឈប់ចតស្ងៀម ពេញទំហឹងរុញផ្ទប់ជាមួយរថយន្តសណ្ដោង១គ្រឿងទៀតដែលឈប់ចតនៅខាងមុខ។បណ្ដាលឲ្យរថយន្តទ្រុងរងការខូចខាតខ្ទេចកាប៊ីនខ្លួនឯងនិងកៀបជាប់អ្នកបើកបររួមជាមួយប្រពន្ធរងរបួសធ្ងន់ ត្រូវបាននគរបាលរួមជសមួយប្រជាពលរដ្ឋជួយទាញគាស់យកចេញទើបរួចបន្ទាប់មកបាននាំយកទៅសង្រ្គោះបន្ទាន់ភ្លាមផងដែរ។ចំណែករថយន្តសណ្ដោងទី១បានរងការខូចខាតកាប៊ីនខ្លះៗដែរ រីឯ១គ្រឿងទៀតដែលឈប់នៅខាងមុខគេបង្អស់អត់មានខូចខាតឡើយ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ មុខក្លោងទ្វារវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តទ្រុងដែលបើកបុកពីក្រោយរថយន្តធំនោះពាក់ស្លាកលេខភ្នំពេញ3B-6656 ហើយអ្នកបើកបរនិងប្រពន្ធដែលរងរបួសធ្ងន់នោះពុំទាន់ត្រូវបានគេស្គាល់ឈ្មោះឡើយ។ចំណែ្រថយន្តធំសណ្ដោងកន្ទុយរ៉ឺម៉កដែលឈប់ចតតាមផ្លូវនោះពាក់ស្លាកលេខភ្នំពេញ3F-4455។

តាមប្រភព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តទ្រុងដឹកទំនិញបានបើកបរធ្វើដំណើរក្នុងទិសដីពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កដែលកំពុងឈប់ស្ងៀមពេញទំហឹង។បណ្ដាលឲ្យ រុញផ្ទប់រថយន្តរថយន្តសណ្ដោង១គ្រឿងទៀតដែលឈប់នៅខាងមុខ១តង់ទៀត។

ប្រភពដដែលបានបន្តថា ខណ:នោះបណ្ដាលឲ្យរថយន្តទ្រុងរងការខូចខាតខ្ទេចកាប៊ីនទាំងស្រុងនិងកៀបអ្នកបើកបរព្រមទាំងស្រ្តីម្នាក់ជាប្រពន្ធធ្ងន់ធ្ងរ។ រហូតដល់នគរបាលរួមជសមួយប្រជាពលរដ្ឋជួយគាស់យកចេញទើបរួចបន្ទាប់មកបាននាំយកទៅសង្រ្គោះបន្ទាន់ភ្លាមផងដែរ។ចំណែករថយន្តសណ្ដោងទី១បានរងការខូចខាតកាប៊ីនខ្លះៗដែរ រីឯ១គ្រឿងទៀតដែលឈប់នៅខាងមុខគេបង្អស់អត់មានខូចខាតឡើយ។ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទាំងអស់ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់