ភ្នំពេញៈ នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសពោះម៉ាយ ដ៏កម្សត់ក្រីក្រម្នាក់ រស់នៅម្នាក់ ឯងក្នុងផ្ទះដ៏ចាស់ទ្រុឌទ្រោមមួយកន្លែង បានបាត់ខ្លួនពីផ្ទះអស់រយៈពេលពីរថ្ងៃ ត្រូវបានប្រជាពលរដ្ឋ អ្នកដើររើសខ្យងនៅទឹកត្រពាំងធំ ក៏បានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់បងប្អូន និងកម្លាំងសមត្ថកិច្ចនគរបាល ទីតាំងកន្លែងកើតហេតុ ស្ថិតនៅភូមិព្រះសណ្តាយ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជុំវិញករណីខាងលើនេះ តាមរយៈនៃក្រុមការងាររបស់អង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលបានចុះទៅដល់ទីតាំងកន្លែង កើតហេតុ បានធ្វើបទសម្ភាសន៍មួយជាមួយសាច់ញាតិជនរងគ្រោះខាងលើ ពួកគាត់បាននិយាយរៀបរាប់ប្រាប់ឲ្យភ្នាក់ងារអង្គភាព យើងខ្ញុំដឹងពីរដំណើររឿងនៃសាកសពជនរងគ្រោះដូច្នេះថា ជនរងគ្រោះខាងលើមានឈ្មោះ ឌុច រដ្ឋា មានអាយុ៤០ឆ្នាំ មានប្រពន្ធ និងកូនប្រុស ស្រីចំនួន០២នាក់ ។ កូនប្រុសមានអាយុ១០ឆ្នាំ ចំណែកឯកូនស្រីច្បងមានអាយុ១៥ឆ្នាំ ។
ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់ជនរងគ្រោះ មិនបាននៅជុំគ្នានោះទេ ដោយបានបែកបាក់គ្នាអស់រយៈពេល៥ឆ្នាំមកហើយ ។ ចំណែកឯ កូនប្រុសស្រីទាំង០២នាក់របស់ជនរងគ្រោះនោះវិញ បានទៅរស់នៅជាមួយប្រពន្ធ ។
តាំងពីការលែងលះគ្នាជាមួយប្រពន្ធមក ជនរងគ្រោះចេះតែដើរផឹកស្រាស្ទើររាល់ថ្ងៃ ។ តាមសាច់ញាតិបញ្ជាក់ថា ជនរងគ្រោះប្រហែល ជាគិតច្រើនបន្ទាប់ពីបានបែកបាក់គ្នាជាមួយប្រពន្ធនោះ ។ លុះពេលផឹកស្រាច្រើនខ្លាំងពេក បណ្តាលឲ្យជនរងគ្រោះ មានសតិមិនល្អ ។
ការរស់នៅបែកឆ្ងាយពីប្រពន្ធកូនដែលខ្លួនកំពុងតែពេញស្រឡាញ់បែបនេះ ធ្វើឲ្យបុរសពោះម៉ាយមានការគិតច្រើន ហើយផឹកតែស្រា រហូតដល់កើតមានជំងឺសរសៃប្រសាទប្រចាំកាយថែមទៀត ។ សព្វថ្ងៃជនរងគ្រោះ គាត់បានរស់នៅក្នុងផ្ទះដ៏ចាស់ទ្រុឌទ្រោមមួយ កន្លែងតែម្នាក់ឯង ដែលសង់នៅជិតផ្ទះរបស់បងប្អូន ។ ចំណែកអាហារហូបចុក បានបងប្អូនសាច់ញាតិនៅក្បែរតែងផ្តល់ឲ្យហូបរាល់ថ្ងៃ ដល់ជនរងគ្រោះ ។
ស្ថានភាពរស់នៅសព្វថ្ងៃនៃបុរសពោះម៉ាយខាងលើនេះ គាត់មានកម្រិតជីវភាពមួយដ៏ក្រលំបាក ហើយផ្ទះក៏ទឹកលិចថែមទៀត ។ រីឯ ជញ្ជាំងផ្ទះឬក៏ដំបូលផ្ទះក៏មានការធ្លុះធ្លាយដោយអន្លើ និងមានកូនរុក្ខជាតិតូចៗ ឬក៏ស្មៅបានដុះឡើងទ្រុបទ្រុលស្ទើរបាំងផ្ទះជិត ។ ម្យ៉ាងទៀតផ្ទះជនរងគ្រោះនេះ គឺជាខ្ទមដ៏ចាស់ជរាមួយដ៏ទ្រុឌទ្រោម មិនស័ក្តិសមក្នុងការរស់នៅនោះឡើយ ។
បុរសពោះម៉ាយខាងលើ ដែលរស់នៅក្នុងស្ថានភាពដ៏ក្រលំបាក និងមានជំងឺសរសៃប្រសាទផងនោះ បងប្អូនក៏បានយកជនរងគ្រោះទៅ ពេទ្យដើម្បីព្យាបាលផងដែរ ។ ប៉ុន្តែជំងឺមួយនេះ ទោះបីបងប្អូនខំយកចិត្តទុកដាក់ក្នុងការជួយមើលថែយ៉ាងណា បានត្រឹមតែធូរស្រាល តែប៉ុណ្ណោះមិនបានជាសះស្បើយនោះឡើយ ដោយសារជនរងគ្រោះចេះតែផឹកស្រាបន្តមិនព្រមឈប់ ទោះមានគេហាមឃាត់ក៏ដោយ ។
ជនរងគ្រោះដែលជាបុរសពោះម៉ាយខាងលើនោះ មួយថ្ងៃៗចេះតែដើរបាត់ៗពីផ្ទះ ។ ជូនកាលពីរថ្ងៃទៅបីថ្ងៃបានឃើញមកផ្ទះម្តង ។ ពេលខ្លះបាត់ពីផ្ទះម្តងៗ បងប្អូនតែងតែនាំគ្នាដើររក ពេលឃើញជនរងគ្រោះ បាននាំត្រលប់យកមកផ្ទះវិញ ឲ្យបាយហូប និងប្រាប់ឲ្យ សម្ងំដេកកុំចេញដើរទៅណា ។ តែជនរងគ្រោះមិនស្តាប់ពាក្យទូន្មានរបស់បងប្អូននោះទេ នៅតែដើរទៀតដដែល ។
នៅថ្ងៃបាត់ខ្លួនជនរងគ្រោះ យោងតាមរយៈធ្វើបទសម្ភាសន៍ជាមួយយុវនារីវ័យក្មេងម្នាក់ នាងត្រូវជាក្មួយនៃជនរងគ្រោះ បាននិយាយ រៀបរាប់ប្រាប់ភ្នាក់ងារនៃអង្គភាពសារព័ត៌មានយើងខ្ញុំបានឲ្យដឹងដូច្នេះថា នៅថ្ងៃបាត់ខ្លួនជនរងគ្រោះនោះ នាងបានឃើញជនរងគ្រោះ ដើរតាមក្រោយម៉ូតូរ៉ឺម៉ករបស់នាង ដែលជិះកាត់តាមដងផ្លូវមាត់ត្រពាំងទឹកធំនោះ ប៉ុន្តែនាងមិនចាប់អារម្មណ៍ថា ជនរងគ្រោះដើរទៅ ណានោះទេ ហើយតាំងពីថ្ងៃនោះមក គឺជនរងគ្រោះបាត់ខ្លួនរហូតមិនឃើញមកផ្ទះវិញនោះទេ ។ ទោះបីបងប្អូនខំដើររកក៏រកមិនឃើញ ទាល់តែសោះ ។
ស្រាប់តែថ្ងៃមួយមានបុរសម្នាក់ បានធ្វើដំណើរដើរទៅរើសខ្យង នៅត្រង់ចំណុចទឹកត្រពាំងធំ ។ ពេលនោះក៏បានប្រទះឃើញសាកសព ជនរងគ្រោះអណ្តែតនៅក្នុងទឹកឡើងហើមធុំក្លិនស្អុយបាត់ទៅហើយ ។ ករណីនេះក៏បង្កការភ្ញាក់ផ្អើលកើតឡើងដល់បងប្អូន ហើយបាន រាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចនគរបាល ដើម្បីចុះមកធ្វើកោសល្យវិច្ច័យសាកសពនៃជនរងគ្រោះ ។
បន្ទាប់ពីឃើញសាកសពជនរងគ្រោះ បងប្អូនសាច់ញាតិ ព្រមទាំងប្រពន្ធនិងកូនទាំង០២នាក់នៃសព ដែលបានបែកគ្នាអស់រយៈពេល ៤ទៅ៥ឆ្នាំមកហើយនោះ បានមកជួបជុំគ្នានៅកន្លែងជនរងគ្រោះលង់ទឹកស្លាប់ ។ ព្រោះផ្ទះជនរងគ្រោះនៅក្បែរកន្លែងកើតហេតុនោះ ដែរ ។ បាននាំគ្នាគិតគូរស្រង់យកសពមកធ្វើបុណ្យ ប៉ុន្តែដោយសារសាច់ញាតិ និងក្រុមគ្រួសារអតីតភរិយាជនរងគ្រោះ ដែលមានជីវ ភាពខ្វះខាតផងនោះ ម្នាក់ៗមានការលំបាកជាខ្លាំងដោយគ្មានប្រាក់គ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងធ្វើពិធីបុណ្យសពនោះទេ ។
ដូច្នេះបើបងប្អូនមានធម៌សប្បុរស មានទឹកចិត្តអាណិតអាសូរចំពោះក្រុមគ្រួសារនៃសព ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អស់លោក អ្នកទោះបីតិចក្តីច្រើនក្តី តាមកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូន ។ សូមធ្វើការទំនាក់ទំនងទៅលេខទូរស័ព្ទ បងបង្កើតនៃសពជនរងគ្រោះ ដែលមានលេខ៖ 015 607299 ។
សូមបញ្ជាក់ថាៈ ជនរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១ លុះមកដល់វេលាម៉ោង ១១ និង ៥០នាទីព្រឹកថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានរយៈពេលចំនួន ០២ថ្ងៃ ទើបអ្នកទៅរើសខ្យងម្នាក់ បានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅ ក្នុងទឹកត្រពាំងធំដែលនៅក្បែរផ្ទះជនរងគ្រោះនោះ គឺមានសភាពឡើងហើមធុំក្លិនស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូន និងកម្លាំងសមត្ថកិច្ចនគរបាល ស្ថិតនៅភូមិព្រះសណ្តាយ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
មតិយោបល់