ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះល្វែងជាន់ទី២មួយកន្លែង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ពន្លត់បានទាន់ពេលវេលា

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មុននេះបន្តិចមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងជាន់ទី២មួយកន្លែង បណ្តាលមកពីការទុស្សេខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងអាជ្ញាធរមានសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងយ៉ាងខ្មួរខ្មាញ់ បានហុយចេញពីផ្ទះល្វែងកើតហេតុជាន់ទី២ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ រួមនឹងបងប្អូនប្រជាពលរដ្ឋជិតខាងយកបំពង់ពន្លត់អគ្គិភ័យចំនួន១៥បំពង់ មកបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃដដែល ដោយមិនបណ្តាលឲ្យឆាបឆេះរាលដាលដល់ផ្ទះទាំងមូលនោះទេ គ្រាន់តែឆាបឆេះរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ ក្នុងនោះក៏មានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ផងដែរ ៕

មតិយោបល់