ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង៤០នាទី ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ស្លាកលេខ ភ្នំពេញ 3F-2824 សណ្ដោងធុងស៊ីម៉ងត៍ ស្លាកលេខ ភ្នំពេញ 4A-7133 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹង ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿង ម៉ាកសាន់យ៉ាន់ម៉ាស៊ីន១៥០ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1L-3842 បើកបរដោយឈ្មោះ លន់ ឡាប ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( រងរបួសធ្ងន់ ) បើកបរពីលិចទៅកើតក្នុងទិសដៅច្រាសគ្នា ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ រីឯអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ លោកអធិការបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅជំនាញចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់