ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់០២នាក់ រីឯទារក០៧ខែម្នាក់របួសស្រាល

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សចំនួន០២នាក់បានរងរបួសធ្ងន់ សំណាងល្អទារកអាយុ០៧ខែ របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរចារណ៍ កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូនៅវេលាម៉ោង ០៣ និង ៤៩ នាទី រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៧-៣៧៨ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានឈ្មោះ នួន នុយ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបើកម៉ូតូម៉ាកហុងដាវេវ គ្មានស្លាកលេខ ពណ៌ខ្មៅ ជិះពរចៅលើកំណាត់ផ្លូវជាតិលេខ៥ រួចបម្រុងនិងឆ្លងផ្លូវ ក្នុងទិសដៅជើងទៅត្បូង ហើយក៏ត្រលប់បកក្រោយវិញ មិនបានប្រយ័ត្ន ស្របពេលនោះមានម៉ូតូធំ០១គ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1R 8493 បើកបរក្នុងទិសដៅពីកើតទៅលិច បើករបរដោយ ឈ្មោះ ឈឹម ចន្ថា ហៅ ខុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកក្នុងល្បឿនលឿន បានបុកពេញទំហឹង បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

នគរបាលបានបញ្ជាក់ថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកម៉ូតូវេវឈ្មោះ នួន នុយ រងរបួសបាក់ភ្លៅខាងស្ដាំ ចំណែកចៅប្រុសអាយុ០៧ខែ របួសស្រាល និងអ្នកបើកម៉ូតូ ម៉ាក យ៉ាម៉ាហា ឈ្មោះ ឈឹម ចន្ថា ហៅ ខុង របួសបែកប្រអប់ជើង ខាងឆ្វេង ។ ជនរងគ្រោះទាំង០៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅម៉ូតូទាំង០២គ្រឿង នគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់