បន្ទាយមានជ័យៈ សាកសពពលករខ្មែរម្នាក់ ដែលបានជួបឧប្បត្តិហេតុឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់នៅខេត្តឆាក់ឆឺនសៅ ប្រទេសថៃ ត្រូវបានភាគីថៃ បញ្ជូនត្រឡប់មកប្រគល់ឲ្យសាច់ញាតិវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦។
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នួន ចាន់រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ នៅក្នុងខេត្តកើតហេតុខាងលើ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សាច់ញាតិសពប្រាប់មន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា ជនរងគ្រោះបានជួបឧប្បត្តិហេតុខាងលើ កាលពីម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែដោយគិតថា មិនទាន់ស្លាប់ ក៏នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យ តែក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ។ សាច់ញាតិសពបន្តថា ករណីឆ្លងចរន្តបណ្ដាលឲ្យឆក់នេះ គឺខណៈជនរងគ្រោះយកម៉ូទ័រស្វានបំបែកថ្ម តែសង្ស័យចំណុចកុងតាក់នោះ មានដាច់ខ្សែចរន្តណាមួយ ទើបបណ្ដាលឲ្យឆក់ជនរងគ្រោះតែម្តង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៕
មតិយោបល់