ព័ត៌មានជាតិ

ក្មួយប្រុសគំរាមកំហែង ដុតផ្ទះសម្លាប់ម្ដាយមីង ត្រូវនគរបាលឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​អង្គារ​ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០២១មានករណីគំរាមកំហែងថានឹងសម្លាប់ និង ធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចផ្ទះរបស់ឈ្មោះ មាស ណារ៉ែន ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ ចំនួន ០២ នាក់៖
១. ឈ្មោះ មាស ណារ៉ែន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
២. ឈ្មោះ មាស សុខគា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ អ្នកទាំងពីរត្រូវជាបងប្អូនបង្កើត មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយមីងជនសង្ស័យ) ។

ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ ខ្នេ ភារ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាក្មួយរបស់ជនរងគ្រោះ) ។

ផលប៉ះពាល់ និង ការខូចខាត៖
បណ្ដាលឱ្យជនរងគ្រោះ និង ក្រុមគ្រួសារមានការភិតភ័យ និងធ្វើឱ្យខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនមានដូចជា៖
១. ឆ្នាំងដាំបាយអគ្គសនី ចំនួន ០១
២. ចានបាយ ចំនួន ០២
៣. កន្ត្រកជ័រ ចំនួន ០១
៤. កៅអីជ័រ ចំនួន ០១
៥. ធុងទឹក ចំនួន ០១ ។

វត្ថុតាងចាប់យករួមមាន៖ ដែកឆាបកែច្នៃជាអាវុធ ចំនួន ០១។

នៅថ្ងៃ ខែ ឆ្នាំ និង វេលាម៉ោងកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានទៅផ្ទះជនរងគ្រោះ រួចធ្វើសកម្មភាព ស្រែកឡូឡាជេរប្រមាថទៅកាន់ជនរងគ្រោះ និង ក្រុមគ្រួសារ ព្រមទាំងគំរាមកំហែងចង់ដុតផ្ទះដើម្បីសម្លាប់ជនរងគ្រោះ និង ក្រុមគ្រួសារជនរងគ្រោះទាំងពីរថែមទៀតផង ។ ក្រោយពីបានធ្វើការសម្លុតគំរាមកំហែងទៅលើជនរងគ្រោះរួច ជនសង្ស័យបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់របស់ជនរងគ្រោះដូចខាងលើបណ្ដាលឲ្យមានការខូចខាត ហើយបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។
លុះនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីឲ្យជួយអន្តរាគមន៍ ។
ក្រោយពេលទទួលបានបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុដើម្បីប្រមូលព័ត៌មាន និងបានធ្វើការនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ករណីខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

មតិយោបល់