ព័ត៌មានជាតិ

រថយន្ដមួយគ្រឿងបុកម៉ូតូបើកឆ្លងផ្លូវ បណ្តាលឲ្យមនុស្សប្រុសស្រី០៣នាក់ស្លាប់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយរថយន្ត ០១គ្រឿង បុកម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ និងនារី០២នាក់ទៀត ស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៤-៤៥ ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ០១គ្រឿង ម៉ាក FORD RAPTOR ពណ៌ស មិនស្គាល់ផ្លាកលេខ (មានអ្នកដោះផ្លាកលេខចេញ) មិនទាន់ស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូត០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ផ្លាកលេខតាកែវ 1H-6748 អ្នកបើកបរភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ឌុបមនុស្ស០២នាក់ស្រី មិនទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងតែបើកបរឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ ០៣នាក់ (នារី ០២នាក់) ស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងកំណត់ហេតុរួច សាកសពទាំងបីនាក់ បានយកទៅរក្សាទុក នៅសាលរក្សាសាកសពមន្ទីរបង្អែកពេទ្យខេត្ត រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណតាមប្រពៃណី ។

បច្ចុប្បន្នវត្ថុតាងទាំង០២គ្រឿង ត្រូវបានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវតាមនីតិវិធី ៕

មតិយោបល់