ព័ត៌មានជាតិ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន ១រូប ក្នុង ១រោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកឧកញ៉ា ជ្រាបថា ដើម្បីការពារ
សុខភាពជូនបងប្អូនកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍របស់រោងចក្រ ពីការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនឹងរៀបចំ
យុទ្ធនាការចាក់វ៉ាក់សាំងកូដ-១៩ ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

ក្នុងន័យនេះ សូម លោកឧកញ៉ា ជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រ ចំនួន ១រូប ក្នុង ១រោងចក្រ តាមទម្រង់ដូចមានក្នុងឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រួចបញ្ជូនមកក្រសួងឱ្យបានមុន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ទន្ទឹមនេះ សូម លោកឧកញ៉ា ជួយសម្របសម្រួលណែនាំដល់ម្ចាស់ ឬនាយករោងចក្រ ដូចខាងក្រោម៖

១. ត្រូវធានាផ្តល់ប្រាក់ឧបត្ថម្ភជូនដល់គ្រូពេទ្យប្រចាំរោងចក្រ ដែលត្រូវចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង
កូវីដ-១៩ ក្នុងអំឡុងពេលនៃយុទ្ធនាការនោះ។

២. ត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់ការចាក់វ៉ាក់សាំង និងធានាថាកម្មករនិយោជិត
ដែលបានចុះឈ្មោះក្នុងបញ្ជីស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យមកចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទកំណត់។

៣. ត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់កម្មករនិយោជិតសម្រាក និងតាមដានសុខភាព
រយៈពេល ៣០នាទី ក្រោយពេលចាក់វ៉ាក់សាំងរួច។

៤. ចាត់ចែងឱ្យមានរដ្ឋបាលរោងចក្រ ១រូប ឬ ១ក្រម សម្រាប់សហការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង
មួយលើកៗ។

៥. ណែនាំ និងរំលឹកកម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងឱ្យមកទទួលការចាក់វ៉ាក់សាំងទាំង២លើក
តាមកាលបរិច្ឆេទ និងទីកន្លែងកំណត់ ជាកំហិត។

៦, អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្រោយចាក់វ៉ាក់សាំងមួយលើកៗ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោកឧកញ៉ា ចាត់ចែងតាមការគួរ។

មតិយោបល់