ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុករថយន្តស្លាកលេខរដ្ឋ រួចក៏រេចង្កូតជ្រុលបុកផ្ទះពលរដ្ឋ រងរបួសបាក់ជើងម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩ និង០០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ខណៈកំពុងបើកបរបានប៉ះទង្គិចរថយន្តពាក់ស្លាកលេខរថយន្តមួយគ្រឿង ហើយក៏បានរេចង្កូតជ្រុល ទៅបុកចូលផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យមនុស្សម្នាក់រងរបួសបាក់ជើង ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ ២១៧ ត្រង់ម្តុំស្តុបថ្នល់បត់ ក្នុងទឹកដីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយបើកបរតាម បណ្តោយផ្លូវលេខ២១៧ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះបានស៊ីប្លេលាន់ឮយ៉ាងខ្លាំង ហើយបានប៉ះ ទង្គិចជាមួយរថយន្តមួយគ្រឿងទៀត ដែលពាក់ស្លាកលេខរដ្ឋ 13 (2-1229) ឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កខាងលើ បានរេចង្កូតជ្រុលល្បឿន ទៅបុកទម្លុះចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយកន្លែងទៀត បណ្តាលឲ្យមនុស្សម្នាក់ បានរងរបួសបាក់ជើង និងខូចខាតម៉ូតូមួយគ្រឿងម៉ាកឃ្លិច ពាក់ស្លាកលេខបាត់ដំបង 1P-5315 ព្រមទាំងសម្ភារៈអីវ៉ែអីវ៉ាន់មួយចំនួនទៀត របស់ក្រុមហ៊ុនកាប់ ពីតូលក៏រងការខូចខាតផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បន្ទាប់ពីកើតហេតុរួចបានបន្តិច ក៏មានវត្តមានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះមកដល់ ធ្វើការឃាត់ខ្លួនតៃកុងរថយន្តបង្កបានភ្លាមៗ និងនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកជំនាញចរាចរណ៍ ធ្វើការពិនិត្យនិងវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះ អាសន្ន ទៅកាន់អធិការដ្ឋាននគរបាលរដ្ឋបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត តាមនីតិវិ ធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមភ្នាក់ងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិន ទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ នូវករណីគ្រោះថ្នាក់ចរាចរណ៍នេះ គ្រាន់តែសង្ស័យតៃកុងរថយន្តបើកបរក្នុងស្ថានភាពស្រវឹង ស្រាតែប៉ុណ្ណោះ ៕

មតិយោបល់