ព័ត៌មានជាតិ

រថយន្តកូរេបើកបុកម៉ូតូស្កុបពីមួយគ្រឿង បណ្តាលឲ្យមនុស្ស០៤នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង០៧ និង២០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរេ មួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខកំពត 3A-0710 បានបុកម៉ូតូស្កុបពីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HW-5521 បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០៤នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ផងដែរ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងទឹកដីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុគេឃើញរថយន្តកូរេមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពត3A-0710 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ខណៈបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូស្កុបពីមួយគ្រឿង ពណ៌ក្រហ ម ពាក់ស្លាកលេខភ្នំពេញ 1HW-5521 បណ្តាលឲ្យមនុស្ស០៤នាក់ រងរបួសធ្ងន់០៣នាក់ និងម្នាក់ទៀតបានរងរបួសស្រាល ។ ភ្លាមៗ នោះដែរ ជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯម៉ូតូនោះ បានរងការខូចខាតខ្ទេចផ្នែងខាងមុខយ៉ាងធ្ងន់ធ្ងរ ។

តាមការបញ្ជាក់ពីស្រ្តីរងរបួសស្រាលម្នាក់ គាត់បាននិយាយរៀបរាប់ប្រាប់ក្រុមភ្នាក់ងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំឲ្យ ដឹងថា គាត់បានជិះម៉ូតូស្កុបពីមួយគ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វើដំណើរចេញពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ទៅលេងផ្ទះរបស់បងប្អូន ។ ប៉ុន្តែពួកគាត់ទៅមិនទាន់ដល់ផងនោះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ធ្វើឲ្យពួកគាត់ទាំង បួននាក់មានទាំងក្មេងទាំងចាស់ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំងអស់គ្នា ។ ចំណែកឯមនុស្ស០៣នាក់ផ្សេងទៀត បានរងរបួស ធ្ងន់ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ បានចុះទៅដល់ពិនិត្យ និងធ្វើកំណត់ហេតុ ។ បន្ទាប់មកកម្លាំង សមត្ថកិច្ចបានធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា នៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ។ ប៉ុន្តែបើ ភាគីទាំងពីរ ធ្វើការដោះស្រាយគ្នាមិនត្រូវនោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើការវាស់វែង​ យកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុក ជាបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលរដ្ឋបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់បន្តទៀតនៅពេលក្រោយ ៕

មតិយោបល់