ព័ត៌មានជាតិ

Update៖ ជាងផ្សារដែកម្នាក់កំពុងហូបបាយ ប្រាប់ប្រពន្ធថាមកទិញបង្អែមមួយភ្លែត ត្រូវរថយន្តបុកស្លាប់ចោលកូន២នាក់

ភ្នំពេញៈ នៅថ្ងៃអាទិត្យ ទី២១ ខែ វិឆ្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចមុខបូរីឡុងនី លើផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសជាងផ្សារដែកម្នាក់កំពុងហូបបាយជុំគ្រួសារ ប្រាប់ប្រពន្ធថាចេញមកទិញបង្អែមមួយភ្លែត ត្រូវរថយន្តបុកស្លាប់ចោលកូន២នាក់
នៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ មានភាគីខាងម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HH.8414 បើកបរដោយឈ្មោះ ទៀវ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈកំពុងហូបបាយនៅជុំគ្នាជាមួយនឹងគ្រួសារ ហើយបានប្រាប់ប្រពន្ធរបស់ខ្លួនថាជិះម៉ូតូចេញមក ទិញបង្អែមមួយភ្លែត ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានភាគីខាងរថយន្តមួយគ្រឿងទៀតម៉ាក MAZDA PICKUP ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AA.8366 បើកបរដោយឈ្មោះ យឿន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំមុខរបរ ប៉ះកង់ឡាន មានទីលំនៅភូមិ ព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរបញ្ច្រាសទិសដៅគ្នារថយន្តបានបើកចូល ចំណែកផ្លូវម៉ូតូ ហើយបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។ ចំណែកឯម្ចាស់ រថយន្តនោះវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញ ។

បច្ចុប្បន្ន: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយ ខាងការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ រីឯសាកសពនៃជនរងគ្រោះ ត្រូវបានឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់