ព័ត៌មានជាតិ

កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញ: នៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីឆក់យកទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ពាំង ឈា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៤នាក់៖ ១-ឈ្មោះ ឃ្លៀង ជែនប៊ី ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ ២-ឈ្មោះ ថាវ សីហា ហៅ ហា ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ ៣-ឈ្មោះ អ៊ុ ដារ៉ា ហៅ ធ្នុ ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ (មានផ្ទុកសារធាតុញៀន) ។ ៤-ឈ្មោះ ដុង សំអូន ហៅ កូយ ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី នៅចំណុចកើតហេតុ ជនរងគ្រោះ បានដើរម្នាក់ឯង កាន់ទូរស័ព្ទដៃ ម៉ាកអូប៉ូ ពណ៌ ខ្មៅ និយាយតាមផ្លូវ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យ ចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អ៊ុ ដារ៉ា ហៅ ធ្នុ និងឈ្មោះ ដុង សំអូន ហៅ កូយ ជិះម៉ូតូតាមការពារពីក្រោយ ចំណែកជនសង្ស័យឈ្មោះ ឃ្លៀង ជែនប៊ី និងឈ្មោះ ថាវ សីហា ហៅ ហា ជិះម៉ូតូឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ។

ពេលនោះជនរងគ្រោះ បានស្រែកឆោឡោឡើង ហើយអ្នកដំណើរតាមផ្លូវក៏ធាក់ម៉ូតូជនសង្ស័យទាំង០២គ្រឿង បណ្ដាលឲ្យដួល រួចត្រូវបានកម្លាំងល្បាត បានមកដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខៀវ-លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១IZ-២២១០ របស់ជនសង្ស័យឈ្មោះ ថាវ សីហា, ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១R-៧២៥៤ របស់ជនសង្ស័យឈ្មោះ អ៊ុ ដារ៉ា, ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ ជារបស់ជនរងគ្រោះ ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់