ព័ត៌មានជាតិ

ប្លែកៗ! បែកថ្នាំខ្លាំងពេក កាន់ដបសាំងចាក់ក្នុងដីគេរួចដុតឲ្យឆេះហើយ ជះមកលើសមត្ថកិច្ចទៀត…

ភ្នំពេញ: បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនញៀនខ្លាំងពេក ដើរកាន់ដបសាំងមួយដបយកចាក់ចូលក្នុងដីគេ រួចដុតឲ្យឆេះ បង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនភ្លាមៗ តែបែរជាបុរសរូបនេះ បានព្យាយាមរត់ និងតដៃជាមួយសមត្ថកិច្ចទៀតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្ដុំផ្លូវរទេះភ្លើង តាមបណ្ដោយផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនញៀន បានកាន់ដប់សាំងមួយដបដើរតាមផ្លូវ លុះដល់ចំណុចកើតហេតុ ស្រាប់តែយកដបសាំងខាងលើបានចាក់ទៅលើដី និងដុតភ្លើងឲ្យឆេះ ក៏បង្កការភ្ញាក់ផ្អើលធ្វើប្រជាពលរដ្ឋនៅម្ដុំកន្លែងកើតហេតុខាងលើមានការភ័យខ្លាច ក៏ទាក់ទងទៅសមត្ថកិច្ច ខណ:ដែលសមត្ថកិច្ចកំពុងដេញចាប់ បុរសសង្ស័យប្រើប្រាស់សារធាតុញៀនម្នាក់នេះ បានតដៃជាមួយយកសាំងដែលចាក់ទៅលើដីសល់ជះទៅលើសមត្ថកិច្ច ហើយត្រូវសមត្ថកិច្ចដេញចាប់បានវាយខ្នោះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសដែលសង្ស័យខាងលើយកទៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឃុំខ្លួននិងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់