ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿង បើកលឿនរេចង្កូតបុកខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បុរសម្នាក់បានរួមដំណើរជាមួយនឹងនារីម្នាក់ បានបើករថយន្តម៉ាកព្រូស មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ បានរេចង្គូតទៅប៉ះខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានអាកាស ចោមចៅខាងលិច ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បានបើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8954 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនដូចហោះ ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកខឿនផ្លូវយ៉ាងពេញទំហឹង ក្រឡាប់ផ្ងារជើង ភ្លាមៗនោះដែរ បុរសជាតៃកុង និងនារីរួមដំណើរជាមួយ បានលូនចេញពីក្នុងរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ក្រុងឲ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីច្បាប់ ៕

មតិយោបល់